តើកម្ពុជាគួរត្រៀមខ្លួនដូចម្ដេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤?

Author: Siek Sok An

មនុស្សយើងកើតមកហើយរមែងមិនរស់នៅតាមទម្លាប់ដដែលៗនោះទេ យើងបានអភិវឌ្ឍខ្លួនបន្តិចម្ដងៗ ដោយចាកចេញពីការរស់នៅដោយការកែច្នៃរាល់របស់របរប្រើប្រាស់ ដោយដៃ ដោយម៉ាស៊ីន រហូតដល់ម៉ាស៊ីនវ័យឆ្លាត។ 

ការបូកផ្សំរវាងភាពវ័យឆ្លាតរបស់មនុស្សយើងនិងម៉ាស៊ីនវ័យឆ្លាតបានជម្រុញអោយមានការកើតឡើងនូវរបស់របរប្រើប្រាស់វ័យឆ្លាតជាបន្តបន្ទាប់ កត្តាទាំងនេះហើយដែលជម្រុញអោយកើតមានឡើងនូវបដិវត្តឧស្សាហកម្មធំៗចំនួនបួនលើក។ 

បដិវត្តឧស្សាហកម្មទាំងនេះដែរក៏បានជួយលើកស្ទួយសេដ្ឋកិច្ចប្រទេសមួយចំនួនអោយក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងកំឡុងពេលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេសកម្ពុជាយើងដែរកំពុងតែសួរខ្លួនឯងថា «តើកម្ពុជាគួរត្រៀមខ្លួនដូចម្ដេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤?»។ប្រសិនជាបែបនេះមែន តើយើងគួរធ្វើដូចម្ដេច?ដើម្បីអោយងាយស្រួលយល់ន័យប្រធានខាងលើយើងគួរគប្បីយល់ន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន៖ពាក្យថាបដិវត្តន៍មានន័យថាការប្រែប្រួល ការកែប្រែ​ ឬការផ្លាស់ប្ដូរ។ 


ចំណែកឯពាក្យថាឧស្សាហកម្ម មានន័យថាការដែលកើតមានឡើងដោយសេចក្ដីខិតខំប្រឹងធ្វើ ហើយធ្វើរបស់នោះអោយកើតបានជាជំនួញទូទៅ និងបង្កើតទៅតាមសម័យនិយម (យោងទៅតាមវចនានុក្រមខ្មែរសម្ដេចសង្ឃជួនណាត)។ 

ដូច្នេះ ប្រធានខាងលើមានន័យថាក្នុងនាមយើងជាប្រជាជនកម្ពុជា តើយើងគួរត្រៀមខ្លួនដូចម្ដេចខ្លះ ដើម្បីអោយខ្លួនយើងមានសមត្ថភាពអាចទទួលយកចំនេះដឹង និងធ្វើការអភិវឌ្ឍបន្ថែមទៅលើរបស់របរប្រើប្រាស់ឆ្លាតវៃដែលកើតឡើងបន្ទាប់ពីបដិវត្តន៍ឧស្សាហកម្មទី៣ (សម័យកុំព្យូទ័រនិងរ៉ូបូត) បដិវត្តន៍ឧស្សាហកម្មទី២ (សម័យនៃការកកើតឡើងនៅចរន្តអគ្គីសនី) និងមុនគេបំផុតគឺ បដិវត្តន៍ឧស្សាហកម្មទី១ (សម័យការកកើតឡើងនៅម៉ាស៊ីនចំហេះក្រៅនិងចំហេះក្នុង)​ (ដូចដែលបានបង្ហាញក្នុងរូបភាពទី១)។


រូបភាពទី១  បដិវត្តន៍ឧស្សាហកម្ម (ប្រភព TheGuardian)


ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ ខ្ញុំយល់ថាប្រទេសយើងគួរអនុវត្តន៍នូវចំនុចសំខាន់ៗចំនួន៤គឺ

  1. ការបង្កើតទម្លាប់អោយកូនខ្មែរយើងស៊ាំជាមួយគ្រឿងអេឡិចត្រូនិក

  2. ការទទួលការវិនិយោគនូវបច្ចេកវិទ្យាទំនើបៗ

  3. ការបង្កើតរចនាសម្ព័នក្នុងការដឹកនាំយ៉ាងរឹងមាំមួយ

  4. ការបង្កើតទំនាក់ទំនងជាមួយអន្តរជាតិ

1. ការបង្កើតទម្លាប់អោយកូនខ្មែរយើងស៊ាំជាមួយគ្រឿងអេឡិចត្រូនិក

យើងត្រូវតែផ្ដល់ចំនេះដឹងផ្នែកគ្រឿងឧបករណ៍អេឡិចត្រូនិកដល់សិស្សានុសិស្សចាប់តាំងពីថ្នាក់បឋមមសិក្សាទៅ ដើម្បីអោយពួកគេមានមូលដ្ឋានគ្រឹះច្បាស់លាស់ និងមានទម្លាប់ជាមួយឧបករណ៍ទាំងអស់នោះ។ 

នៅក្នុងការគ្រប់គ្រងប្រព័ន្ធបញ្ជាពាក់កណ្ដាលស្វ័យប្រវត្ត ប្រព័ន្ធស្វ័យប្រវត្តសុទ្ធ និង​ ការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ឌីជីថលទាមទាអោយមានការដំឡើងនូវគ្រឿងឧបករណ៍អេឡិចត្រូនិក នៅក្នុងលក្ខណៈជារូបរាង និង ភាសាបច្ចេកទេស (program) ជាផ្នែកទន់។

នេះហើយជាហេតុធ្វើអោយការផលិតរបស់របររប្រើប្រាស់វ័យឆ្លាត វាមិនមែនជារឿងងាយធ្វើដែលអ្នកណាក៏អាចធ្វើបាននោះឡើយ។ 

ផ្ទុយទៅវិញ មានតែមនុស្សដែលមានសមត្ថភាពអាចយល់ពីដំណើរការទាំងស្រុងរបស់ឧបករណ៍វ័យឆ្លាត បើទោះបីជាផ្នែកសប្បនិមិត្តរបស់វាក៏ដោយ ​និងអាចបន្សាំខ្លួនអោយនៅមមាញឹកជាមួយពួកវា ទើបអាចឈានទៅរកភាពជោគជ័យយ៉ាងពិតប្រាកដ។​ 

ដូចនេះ ដើម្បីអោយមធ្យោបាយនេះទទួលបាននូវប្រសិទ្ធិភាពក្រសួងអប់រំគួរតែបញ្ចូលមេរៀនអេឡិចត្រូនិកទាំងផ្នែករឹង និងផ្នែកទន់របស់វា ទៅក្នុងកម្មវិធីសិក្សានៅកម្រិតថ្នាក់កាន់តែទាបកាន់តែល្អ។

ឧទាហរណ៍ បន្ទាប់ពីថ្នាក់មន្ដេយ្យ និង ថ្នាក់ទីមួយមក ក្មេងៗនឹងយល់បាននៅអក្សរសាស្រ្តជាតិដែលជាស្នូលនៃប្រទេសជាតិ យើងក៏អាចបញ្ជៀបផ្នែកអេឡិចត្រូនិកនៅថ្នាក់ទីពីរ ដោយបង្កើតអោយមានជាបន្ទប់ពិសោធន៍ ដើម្បីធ្វើការណែនាំអោយពួកគេស្គាល់នូវគ្រឿងឧបករណ៍ទាំងអស់នោះ​ និងការពិសោធន៍អោយពួកគេមើលឃើញនូវប្រយោជន៍របស់ពួកវា។ 

គ្រានោះឯងដែលក្មេងៗចង់ដឹងចង់រៀនពីគ្រឿងអេឡិចត្រូនិកទាំងអស់នោះ ហើយនោះក៏ជាឱកាសសម្រាប់យើងដែលនឹងផ្ដល់ចំនេះដឹងផ្នែកនេះសម្រាប់ពួកគេនៅថ្នាក់បន្ទាប់ៗទៀត។

រយៈពេល១៤ឆ្នាំ (ចប់បរិញ្ញាបត្រនៅសកលវិទ្យាល័យ) ​ដែលពួកគេតែងតែជួប និង​អនុវត្តនូវឧបករណ៍អេឡិចត្រូនិកស្ទើរាល់សប្ដាហ៍ ពួកគេនឹងមានទម្លាប់ជាមួយពួកវា។ 

ឧទាហរណ៍ក្នុងន័យប្រៀបធៀប នៅពេលកូនទំពាំងដុះមកហើយ វានោះបានទទួលរងនូវខ្យល់បក់មកពីទិសខាងលិច​ (ខ្យល់លិច)   អស់រយៈពេលណាមួយរហូតដល់វាធំក្លាយទៅជាឫស្សី ឫស្សីនោះនិងមានទំនោកោងទៅទិសខាងកើត។ 

វាពិតជាពិបាកណាស់ក្នុងការដែលយើងចង់អោយឫស្សីនោះកោងទៅទិសលិចវិញ វាអាចនឹងបាក់ ប្រសិនបើយើងពុតវា ឬ ប្រសិនបើយើងអាចពុតវាបាន ក៏វាមិនស្អាតម៉ាំដូចកំណើតវាដែរ។ 

មនុស្សយើងក៏ដូចគ្នាបើយើងមានទម្លាប់ស្រួលហើយបែរជាអោយយើងទៅចាប់យកទម្លាប់ដែលពិបាកៗ នោះវាក៏មិនខុសអីពីឫស្សីនោះដែរ។

2. ការទទួលការវិនិយោគនូវបច្ចេកវិទ្យាទំនើបៗ

ការទទួលយកការវិនិយោគរបស់ក្រុមហ៊ុនធំៗដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗមកពីបណ្ដាប្រទេសនៅក្នុងសកលលោកនៅក្នុងកម្រិតមួយដែលមិនធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង។ 

នៅពេលដែលក្រុមហ៊ុនទាំងអស់នោះចូលមក​ គេនឹងបង្រៀនប្រជាជនយើងអោយចេះប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ហើយវាក៏ជាឱកាសដែលប្រជាពលរដ្ឋយើងអាចសិក្សារៀនសូត្រពី ប្រព័ន្ធគ្រប់គ្រងបែបទាន់សម័យម៉ាស៊ីន និង​ ឧបករណ៍ទំនើបៗទាំងនោះជាពិសេសសិស្សានុសិស្ស និងនិស្សិតពួកគេក៏អាចមានឱកាសចូលធ្វើទស្សនៈកិច្ចសិក្សានៅក្នុងក្រុមហ៊ុននោះផងដែរ។  

ដូច្នេះពួកគេអាចមើលឃើញពីទិន្នផលនៃបច្ចេកវិទ្យានៅក្នុងបដិវត្តន៍ឧស្សហកម្មនេះ ការផ្សារភ្ចាប់រវាងទ្រឹស្ដីដែលពួកគេបានរៀន ការធ្វើការពិសោធន៍នៅសាលារៀនទៅ និងដំណើរការពិតៗរបស់បច្ចេកវិទ្យាទាំងនោះ។ 

ម៉្យាងវិញទៀតពួកគេនឹងមានទំនុកចិត្តក្នុងការសិក្សរៀនសូត្រ ដោយមើលឃើញថាបន្ទាប់ពីរៀនចប់ពួកគេ និងមានការងារដ៏ល្អមួយនៅកន្លែងដែលពោពេញដោយបច្ចេកវិទ្យាខ្ពស់។

ឧទាហរណ៍នាពេលបច្ចុប្បន្នប្រទេសកម្ពុជាដែលយើងក៏មានក្រុមហ៊ុនធំៗមួយចំនួនដែលបានមកធ្វើការវិនិយោគ ដូចជាក្រុមហ៊ុនមីនីបៀ (Minebea Cambodia​ Co.,Ltd) ដែលជាក្រុមហ៊ុនរបស់ជប៉ុនដែលបានផ្គុំម៉ូទ័រតូចៗ អំពូលភ្លើង ផ្នែកកាំមេរាទូរស័ព្ទដៃ និងបានបំពាក់នៅឧបករណ៍ទំនើបៗនៅក្នុងសង្វាក់ផលិតកម្មដែលបានផ្ដល់ចំនេះដឹងជាច្រើនដល់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរយើង។

ដូច្នេះដើម្បីអោយប្រទេសយើងត្រៀមលក្ខណៈបានពេញលេញ យើងគួរតែទាក់ទាញក្រុមហ៊ុនដែលត្រូវជាសាច់ញាត្តិ របស់បដិវត្តន៍ឧស្សាហកម្មទី៤អោយមកដាក់ទុន។ 

ទទ្ទឹមគ្នានិងការដែលទទួលបានចំនេះពីក្រុមហ៊ុននោះ គេក៏ទាញយកប្រយោជន៍ជាច្រើនពីប្រទេសយើងដូចគ្នា ​​ដូចនេះយើងមិនអាចអោយក្រុមហ៊ុនក្រៅប្រទេសចូលមកវិនិយោគច្រើនលើសលុបពេកនោះទេ។

3. ការបង្កើតរចនាសម្ព័នក្នុងការដឹកនាំយ៉ាងរឹងមាំមួយ

ដើម្បីអោយទំពាំង(សិស្សានុសិស្ស)ខ្មែរមានកំលាំងចិត្តក្នុងការតស៊ូសិក្សារៀនសូត្រប្រទេសយើងគួរមានរចនាសម្ព័នគ្រប់គ្រងទៅលើប្រព័ន្ធការងារ និង វិស័យអប់រំយ៉ាងរឹងមាំមួយ ដើម្បីជៀសវាងអោយបាននូវអំពើអយុត្តិធម៌ទាំងឡាយ។ 

នៅក្នុងការប្រណាំងប្រជែងយកការងារយើងត្រូវតែផ្ដល់ភាពយុត្តិធម៌ជូនបេក្ខជនដែលបានដាក់ពាក្យមកដោយផ្ដល់អតិភាពទៅលើចំនេះរបស់ពួកគេមិនមែនទឹកប្រាក់ឬយសសក្តិ។​

បើអំពើអយុត្តិធម៌កើតឡើងទៅលើបេក្ខជនដែលមានសមត្ថភាព មានចំនេះពិតប្រាកដ នោះអ្នកទាំងនោះមិនដឹងថាត្រូវខំរៀនដើម្បីអ្វីនោះទេ​ ពេលនោះឯងប្រទេសយើងនិងពោពេញទៅដោយមនុស្សអសមត្ថភាព កុំថាឡើយត្រៀមបដិវត្តន៍ឧស្សាហកម្មទី៤ សូម្បីតែ បដិវត្តន៍ឧស្សាហកម្មទី១ក៏ពួកយើងមិនអាចធ្វើបានផង ព្រោះពាក្យថាបដិវត្តន៍ឧស្សាហកម្មគឺសំដៅទៅលើការធ្វើអោយប្រែប្រួល​ ឬ ធ្វើអោយផ្លាស់ប្ដូរមិនមែននិយាយទៅវាប្រែប្រួលនោះទេ។ 

ម៉្យាងវិញទៀតការផ្សារភ្ជាប់រវាងការងារ និងការអប់រំពិតជាសំខាន់ វិស័យទាំងពីរនេះត្រូវតែបំពេញអោយគ្នាទៅវិញទៅមក យើងមិនអាចអោយនិស្សិតដែលបានខិតខំរៀនជំនាញមួយយ៉ាងច្បាស់លាស់អស់រយៈពេលជាច្រើនឆ្នាំតែមកធ្វើការខុសជំនាញនោះទេ។

ហើយយើងក៏មិនអាចអោយនិស្សិតរៀនតែទ្រឹស្ដីនៅសាលា តែមិនដឹងអ្វីសោះពីការងារនៅជំនាញដែលខ្លួនឯងកំពុងតែរៀននោះទេ។ 

ឧទាហរណ៍ប្រសិនបើជាខ្លួនយើងផ្ទាល់យើងខិតខំរៀនផ្នែកពត៌មានវិទ្យាយ៉ាងសស្រាក់សស្រាំតែដោយសារទីផ្សារមិនអំណោយផល យើងក៏ដាក់ពាក្យទៅធ្វើការនៅជំនាញផ្សេងពីនេះ ដូចនេះការខិតខំទាំងប៉ុន្មាននិងក្លាយទៅជាសូន្យ ហើយសង្គមយើងនឹងយ៉ាប់ពីមួយជំនាន់ទៅមួយជំនាន់។ 

សម្រាប់ចំនុចនេះជារួមមក​​ យើងត្រូវចេះអោយតម្លៃបុគ្គលិកក្រុមហ៊ុន មន្រ្តីរាជការ​ និស្សិត​ និង សិស្សានុសិស្ស អោយពួកបានទទួលនូវអ្វីដែលពួកគេគួរទទួលបាន ដែលអាចធ្វើអោយសិស្សានុសិស្ស និស្សិតជំនាន់ក្រោយៗមានទឹកចិត្ត និងកំលាំងចិត្តដែលពុះផុះចេញពីផ្នែកខាងក្នុង និងមានទំនុកចិត្តក្នុងការរៀនសូត្រដើម្បីអោយខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បដិវត្តន៍ឧស្សាហកម្មទ៤។

4. ការបង្កើតទំនាក់ទំនងជាមួយអន្តរជាតិ

យើងអាចធ្វើការទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ​​ និង​ការបង្កើតអោយមានឱកាសក៏ដូចជាអាហារូបករណ៍ដល់សិស្សនិស្សិតខ្មែរយើងដែលមានបំណងចង់ទៅបន្តការសិក្សានៅក្រៅប្រទេស និងធ្វើការលើកទឹកចិត្តអោយពួកគេធ្វើការសម្រេចចិត្តទៅតាមគោលបំណងរបស់ពួកគេ។      

ម៉្យាងវិញទៀតយើងក៏អាចផ្ដល់ឱកាសអោយសិស្សនិស្សិតបរទេសមកចូលរៀននៅប្រទេសកម្ពុជាយើងវិញ ដែលការសហប្រតិបត្តិការនេះ និងអាចផ្ដល់ផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមក មានដូចជាការចែករំលែកនូវចំនេះដឹងផ្នែកបច្ចេកវិទ្យា ភាសា ទំនៀមទំលាប់ប្រពៃណី និងការបង្កើតអោយមានទំនាក់ទំនងមិត្តភាព។​ 

ឧទាហរណ៍ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន យើងក៏បានធ្វើការទំនាក់ទំនងជាមួយបរទេសខ្លះៗមកហើយដែរ​ ហើយយើងក៏បានបញ្ជូនសិស្ស និស្សិតអោយទៅធ្វើការសិក្សាដើម្បីធ្វើការស្រូបយកនូវបទពិសោធន៍ទៅលើជំនាញផ្សេងៗជាពិសេសនោះគឺជំនាញទាក់ទងនិងបច្ចេកវិទ្យាតែម្ដង ហើយក៏មាននិស្សិតខ្មែរយើងខ្លះបន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសដែលពួកគេបានសិក្សា ពួកគេថែមទាំងបានរកការងារធ្វើនៅទីនោះតែម្ដង។ 

បើតាមបទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំបានសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាអស់រយះពេល៥ឆ្នាំ ខ្ញុំឃើញថា ខាងសាលារៀនបានលើកទឹកចិត្តនិស្សិតជាច្រើនដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេសដូចជា ប្រទេសជប៉ុន បារាំង ថៃ រៀតណាម ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ​​ អោយពួកគេធ្វើតាមក្ដីស្រម៉ៃរបស់ពួកគេ។ 

ដូចនេះដើម្បីទទួលស្វាគមន៍បដិវត្តន៍ឧស្សាហកម្មទី៤ យើងគួរតែពង្រឹងផ្នែកនេះបន្ថែមទៀត និងរក្សាធ្វើបែបនេះរហូតដើម្បីអោយប្រទេសយើងក្លាយជាប្រទេសដែលរឹងមាំ។


សរុបសេចក្ដីមក យើងអាចមើលឃើញថាប្រទេសយើងមានវិស័យអប់រំ វិស័យការងារ​​​ មានរចនាសម្ព័នក្នុងការគ្រប់គ្រងប្រទេស និងបានធ្វើទំនាក់ទំនងជាមួយប្រទេសជិតខាងទាំងពីយូរយាណាស់មកហើយ ប៉ុន្តែយើងត្រូវតែធ្វើការកែប្រែនៅចំនុចមួយចំនួនដែលខ្វះខាតទៅលើចំនុចទាំងនេះដើម្បីធ្វើការត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ដែលនឹងមកដល់។ 

ហើយវាក៏អាចជាជំហរមួយយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិយើង​ដែលមិនអាចធ្វើអោយប្រទេសដ៏ទៃទៀតមើលងាយបាន ហើយថែមទាំងលួចសរសើរពីធនធានដែលមាននៅក្នុងប្រទេសយើងទៀតផង។​

​​លើសពីនេះទៅទៀត ប្រទេសជាតិយើងនឹងអាចក្លាយទៅជាប្រទេសដែលពោរពេញទៅដោយធនធានមនុស្សដែលពូកែៗ និងអាចឈានមុខគេទៅរកបដិវត្តន៍ឧស្សហកម្មទី៥នៅថ្ងៃអនាគត។


ឯកសារយោង

[1] គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥, រាជរដ្ឋាភិបាលកម្ពុជា, (២០១៥)

[2] តាន់ មុន្នីវិសាល, បដិវត្តន៍ឧស្សាហកម្មទី៤(ឧស្សាហកម្ម ៤.០), មជ្ឍមណ្ឌលអភិវឌ្ឍន៍កម្ពុជា។(២០១៩)

[3] Adeyemi Adepetun. Fourth industrial revolution: Nigeria’s next phase of growth?. ប្រភព, TheGuardian 2018 (Conducted 2019)