ភាពច្នៃប្រឌិតរបស់សិស្សសាលាMITគឺបានមកពី "ការលេងសើច"
Author: Morokot Sakal
នៅពេលដែលគេនិយាយពី វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology) ឬ MIT ជាញឹកញាប់គេច្រើននិយាយពីរឿងទាំងនេះ
MITមានអ្នកឈ្នះរង្វាន់ណូបែលចំនួន ៩៥រូប។
MITមានមូលនិធិស្រាវជ្រាវប្រចាំឆ្នាំចំនួន ២ពាន់លានដុល្លារ (2 billions USD)។
MITពូកែក្នុងការបង្កើតក្រុមហ៊ុន។ អតីតនិស្សិតរបស់សាលានេះ បានបង្កើតក្រុមហ៊ុនចំនួន ៣០០០០ នៅទូទាំងពិភពលោក និងបង្កើតការងារចំនួន៤.៦លានការងារ។ក្រុមហ៊ុនទាំងនេះមានប្រាក់ចំណូលប្រមាណ២សែនកោដិដុល្លារ (2 trillions USD) ក្នុងការលក់ប្រចាំឆ្នាំ ដែលអាចប្រៀបធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកាណាដា។
មូលហេតុនៃភាពជោគជ័យទាំងនេះរបស់សាលាMIT គឺដោយសារតែ បរិយាកាសប្រកបដោយការប្រកួតប្រជែង
ភាពតឹងរុឹងក្នុងការបង្រៀន និងការខំប្រឹងប្រែងរៀនសូត្រទាំងថ្ងៃទាំងយប់របស់សិស្សជាដើម។
ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃMITតែប៉ុណ្ណោះ។
មានហេតុផលមួយទៀត ដែលធ្វើឲ្យMITក្លាយជាស្ថាប័នស្រាវជ្រាវ និងអប់រំលំដាប់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។
នោះគឺការ “hack” ដែលជាវប្បធម៌នៃការលេងសើចរបស់សិស្ស MIT ឬជាទូទៅភាសាអង់គ្លេសគេហៅថា “prank” ។
តាមធម្មតា ពាក្យថា “hack” សំដៅលើការប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីស៊ើប និងលួចយកនូវព័ត៌មានផ្សេងៗ
ប៉ុន្តែនៅMIT វាសំដៅទៅលើការលេងសើច (prank) ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងពោរពេញដោយភាពកំប្លុកកំប្លែង។
ទីតាំងមួយដែលគេច្រើនធ្វើ “prank” គឺអគាររបស់សាលាMITមួយឈ្មោះថាហ្គ្រេដដូម (Great Dome)។
វាជាដំបូលអឌ្ឍគោលមានរាងដូចវាំងរបស់ពួករ៉ូម៉ាំង ដែលមានកំពស់ប្រហែល ៤០ ម៉ែត្រ។
ព្រឹកមួយក្នុងឆ្នាំ១៩៩៤ ឡានប៉ូលីសមួយគ្រឿងត្រូវបានគេដាក់នៅខាងលើហ្គ្រេដដូមនេះ។
ព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែនិស្សិត និងសមាជិកមហាវិទ្យាល័យប៉ុណ្ណោះទេ
ថែមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៍មានធំៗ រហូតដល់មានឧទ្ធម្ភាគចក្រហោះមកថតយកទិដ្ធភាពនេះផងដែរ។
តាមពិតទៅ ឡានប៉ូលីសនេះមិនមែនជាឡានពិតនោះទេ ប៉ុន្តែជាគំរូធ្វើពីក្រដាស។
សិស្សបានឡើងលើដំបូល ហើយតម្រៀបវាឡើងដោយសម្ងាត់។
ឡានប៉ូលីសហ្នឹងមិនត្រឹមតែមានខ្នាតធំប៉ុណ្ណោះទេ ហើយការតែងលំអក៏លម្អិតផងដែរ។
ភ្លើងរបស់ឡានប៉ូលីសនោះអាចបិទបើកបានយ៉ាងត្រឹមត្រូវ។
នៅខាងក្នុងឡានមានតុក្កតាម៉ានីគាំងក្នុងឯកសណ្ឋានប៉ូលីស។
តាមមើលទៅ គាត់ជាប៉ូលីសខ្ជិល ព្រោះគាត់មានប្រអប់នំដូណាត់នៅក្នុងដៃ។
រីឯស្លាកលេខឡានវិញគឺπ (សមាមាត្ររង្វង់) បង្ហាញពីគំនិតច្នៃប្រឌិតរបស់សិស្សMIT។
រថយន្តប៉ូលីសត្រូវបានយកចេញនៅថ្ងៃដដែល ហើយឥឡូវនេះវាត្រូវបានដាក់បង្ហាញនៅអគារលេខ៣២ នៅសាលាMIT។
ចាប់តាំងពីពេលនោះមក មានរបស់ជាច្រើនដែលត្រូវបានគេដាក់នៅលើកំពូលនៃហ្គ្រេដដូម។
នៅថ្ងៃគម្រប់ខួប ១០០ ឆ្នាំនៃការហោះហើរលើកដំបូងរបស់បងប្អូនប្រុសរ៉ាយ (the Wright brother) នៅឆ្នាំ ២០០៣ មានការដាក់នូវយន្ដហោះ។
ដើម្បីអបអរសាទរការចេញផ្សាយ Avengers: Endgame ហ្គ្រេដដូមក្លាយទៅជាខែលរបស់ Captain America។
ហើយសម្រាប់ខួបលើកទី ៤០ នៃការចុះចតអាប៉ូឡូនៅនៅលើឋានព្រះចន្ទក្នុងឆ្នាំ ២០០៩ មានយានអវកាសអាប៉ូឡូ។
ជាទូទៅ គ្រប់ដំបូលអគាររបស់សាលាMITត្រូវបានចាក់សោ និងបិទជិត។
ដូច្នេះការលេងសើចនេះ អាចនឹងបំពានច្បាប់ និងបទបញ្ញត្តិរបស់សាលា។
ប៉ុន្តែខាងសាលាបែរជាគិតថាជារឿងធម្មតា ហើយពួកគេក៏មិនស្វែងរកអ្នកប្រព្រឹត្តនោះដែរ។
ក្រុមការងារនៅសាលាជាអ្នកឡើងទៅរុះរើ រាល់ពេលដែលមានគេដាក់អ្វីមួយនៅលើដំបូល ប៉ុន្តែពួកគាត់ក៏ចូលចិត្តវាដែរ។
ជាទូទៅ ពួកHackerមានសុជីវធម៍របស់ពួកគេ នៅពេលដាក់វត្ថុអ្វីមួយនៅលើដំបូល។
ជាទម្លាប់ តម្រូវឲ្យពួកHacker ផ្ញើលិខិតគួរសមមួយ ពិពណ៌នាអំពីរបៀបរុះរើរបស់ដែលបានដាក់តាំង។
យ៉ាងណាមិញ នៅក្នុងលិខិតទាំងនោះ ក៏មានការលេងសើចផងដែរ។
ឧទាហរណ៍ លិខិតពិពណ៌នាអំពីរបៀបរុះរើយានអវកាសអាប៉ូឡូគឺ សរសេរដោយលោក Buzz Aldrin
(Buzz Aldrinជាអវកាសយានិកដែលបានដើរលើឋានព្រះចន្ទតាមរយៈ អាប៉ូឡូ ១១) ។
ក្រៅពីនេះមាន prank ជាច្រើនទៀត ដែលត្រូវបានធ្វើនៅអគារផ្សេង
នៅក្នុងបរិវេណសាលាMITមានអគារបៃតង (MIT Green Building) មួយដែលជាអគារខ្ពស់ជាងគេនៅទីនោះ។
កាលពីឆ្នាំ២០១២ ផ្នែកខាងក្រៅរបស់អគារបៃតង ត្រូវបានផ្លាស់ប្តូរទៅជាហ្គេមTetris ដែលអាចលេងបានដោយប្រើ joystick។
បើយោងតាមកាសែតសាលាMIT ពួកHackerបានចំណាយពេលជិត ៥ ឆ្នាំដើម្បីរៀបចំផែនការនេះឡើង។
ក្រៅពីនេះការលេងសើចផ្សេងទៀត កំពុងត្រូវបានគ្រោងទុករៀងរាល់ខែ។ មិត្តអ្នកអានអាចចូលទៅមើលរូបថតនៅលើទំព័រផ្លូវការរបស់
MIT Hack។Acknowledgement
អត្ថបទនេះត្រូវបានបកប្រែពី អត្ថបទជាភាសាជប៉ុន សរសេរដោយលោក Masahiro Ono
ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “宇宙を目指して海を渡る MITで得た学び、NASA転職を決めた理由”