ការសិក្សានៅ ITC ជំនាញវិស្វកម្មមេកានិក - ពាក្យចចាមអារាមនិងការពិត
Author: Vanyi Chao
អត្ថបទនេះត្រូវបានសរសេរឡើងដើម្បីផ្ដល់ជាគំនិតមួយសម្រាប់អ្នកអាន ព្រោះថាស្មេរបានឆ្លងកាត់ និងជឿពាក្យចចាមអារាមជាច្រើនដែលបានឭនៅក្នុងសាលាតិចណូផងដែរ។
ហើយពាក្យទាំងនោះ ក៏មិនប្រាកដថាអ្នកទាំងអស់គ្នាបានលឺដែរ ហើយស្មេរក៏មិនប្រាកដថាបានលឺអ្វីដែលអ្នកទាំងអស់គ្នាបានលឺនោះដែរ ព្រោះថាពាក្យពីមាត់មួយទៅមាត់មួយ ពីមួយជំនាន់ទៅមួយជំនាន់វាមានការប្រែប្រួល ការសិក្សាក៏ដូចច្នឹងដែរ សូម្បីតែក្រាស់ក៏ដូរឡើងរវៀមក្នុងមួយឆ្នាំមិនដឹងមុខប៉ុន្មានរយ!!! បើមានពាក្យសម្តីមិនសមរម្យ សូមអធ្យាស្រ័យផងព្រោះស្មេរនេះខ្មេះទេ xD។
ជាន់សាលាថ្ងៃដំបូង
ឈានជើងចូលសាលាថ្ងៃដំបូងគិតក្នុងចិត្តហើ្យរំពឹងទុកថា ខិតខំតាំងចិត្តរៀនសូត្រដើម្បីយកដេប៉ាតឺម៉ង់ដែលខ្លួនចង់បាន។ គិតមិនទាន់បានប៉ុន្មានផង ស្រាប់តែលឺគេថា(ចូលដល់ពាក្យចចាមអារាមហើយ xD)។ ចប់។
រៀនតែភាសាបារាំងក៏ជាប់ដែរ!
គ្រាន់តែលឺពាក្យនេះភ្លាមដូចអត់សូវជឿ!! ហេតុអ្វី?
វាមិនដែលអាណាមុខវិជ្ជាឡើង១២មុខ ខំរៀនតែមួយជាប់? ដល់ពេលបានឃើញក្រេឌីតទើបដឹងថាវាអាចទៅរួចមែន!!
កាលសម័យខ្ញុំរៀន ភាសាបារាំង៨ក្រេឌីត មុខវិជ្ជាផ្សេងៗតែ២ក្រេឌីតទេ។
ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ អាមុខវិជ្ជា២ក្រេឌីតហ្នឹងពិបាកយកមែនទែនហ្មង! ដូចជា Advanced Mathematic, Geometry, Calculus, -ល-។
រៀនចប់ទី១២ភ្លាមមកមើលគ្រូពន្យល់ពីអាហ្នឹងគឺ ដូចដឹកគោអោយមើលក្របីអញ្ចឹង!!
ដូច្នេះហើយក៏រៀបចំផែនការដែលបានមកពីពាក្យចចាមអារាមហ្នឹងគឺ ខំរៀនតែភាសាបារាំងអោយមានពិន្ទុច្រើន ហើយមុខវិជ្ជាផ្សេងទៀតរៀនយកតែមួយជាប់ ដោយខិតខំធ្វើតែ Assignment និងទៅរៀនអោយបានជាប់យកវត្តមាន ទោះជាប្រលងធ្លាក់ក៏មានប្រលងសងដែរ។
ហើយលឺសិស្សច្បងថា ពេលរៀនត្រៀមប្រលងសង មានអាហារអោយញ៉ាំហ្វ្រីទៀត វាកាលីបអញ្ចឹងនៅតិចណូ :D។
ប៉ុន្តែឥលូវលែងមានពិន្ទុភាសាបារាំងហើយ!!
ដំបូងអញ្ចឹងហើយ
ពាក្យនេះបានលឺដំបូងនៅពេលរៀនជាមួយលោកគ្រូ (មិនបាច់ប្រាប់ឈ្មោះក៏អ្នកទាំងអស់គ្នាដឹងដែរ!XD)។
ស្ទើរតែនិស្សិតតិចណូទាំងអស់ធ្លាប់លឺពាក្យនេះ សូម្បីតែខ្ញុំរៀនចប់ហើយនៅតែមានមិត្តភក្តិខ្ញុំខ្លះនៅទន្ទិញពាក្យនេះនៅឡើយ។
តែការពិតវាយ៉ាងណា? បើអ្នកលឺពាក្យនេះរណ្តំនៅជាប់ត្រចៀករហូតវានឹងមានបញ្ហាអ្វី?
យើងមើលទៅវាជាពាក្យលែងសើចមួយដែលគេចូលចិត្តនិយាយ តែសំរាប់ខ្ញុំវិញពេលលឺវាសឹងតែរាល់ពេលអញ្ចឹងទៅ វាធ្វើអោយខ្ញុំមានអារម្មណ៍ថាលែងភ័យខ្លាចនៅពេលដែលរៀនមុខវិជ្ជាណាមួយអត់ចេះ។
អាចនិយាយបានថាវាវិវត្តក្លាយទៅជាផ្នត់គំនិតមួយ នៅពេលដែលខ្ញុំរៀនមុខវិជ្ជាណាពិបាក ហើយងាកទៅមើលមិត្តភក្តិជុំវិញខ្លួន គេនិយាយថា
ដំបូងអញ្ចឹងហើយ
ពេលខ្លះវាដូចជាផ្តល់កំលាំងចិត្តអោយបន្តិច តែការពិតវាធ្វើអោយខ្ញុំនៅតែអត់ចេះ។
(Fun fact: មិនដែលអាណារៀនដល់ឆ្នាំទី៥ហើយ នៅតែនិយាយថាដំបូងអញ្ចឹងហើយទៀតទេ =.= បើនិយាយនៅឆ្នាំទី១ វាសម!!)
ចុះសំរាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ?
មិនបាច់ខំរៀនយកលេខល្អក៏បានដែរ បើចង់រៀន GIM
យើងអាចនិយាយអញ្ចឹងក៏ត្រូវម្យ៉ាង ព្រោះកាលខ្ញុំរៀន ចំណាត់ថ្នាក់៤០០/៨០០ ចុះក្រោម គឺអាចចូលបានហើយ។ ហើយបើសិនជាមិនទាន់គ្រប់ចំនួនដែលរើស(១០០នាក់) អ្នកមានចំណាត់ថ្នាក់លើស៤០០ ក៏អាចចូលបានដែរ។
(Fun fact: តែកុំបណ្តោយខ្លួនពេក!! ប្រយ័ត្តចំណាត់ថ្នាក់៤០០ ក៏យកមិនបាន! :p)
តែខ្ញុំសូមផ្តល់យោបល់បន្តិច ថ្វីត្បិតតែអ្នកចង់រៀនដេប៉ាតឺម៉ង់ដែលងាយស្រួលយកក៏ដោយ (ដេប៉ាតឺម៉ង់ណាក៏ល្អដែរ សំខាន់គឺអ្នកទាំងអស់គ្នាចូលចិត្តអ្វី) តែសូមអ្នកទាំងអស់គ្នាខិតខំរៀនមុខវិជ្ជាគ្រឺះនៅឆ្នាំទី១ និងទី២អោយចេះ មិនបាច់ថាចាំក៏បានដែរ អោយតែយល់សិន ព្រោះអ្នកនឹងឃើញវាម្តងទៀតនៅពេលរៀនជំនាញ នោះអ្នកទាំងអស់គ្នានឹងយល់កាន់តែច្បាស់មួយកំរិតទៀត។
ជាការពិតណាស់ មុខវិជ្ជាដែលអ្នកទាំងអស់គ្នារៀននៅឆ្នាំទី១ និងទី២ មិនដឹងជាយកទៅប្រើកន្លែងណា អ្នកទាំងអស់គ្នាឃើញតែពីការស្រាយបញ្ជាក់ច្រើន នេះក៏ព្រោះតែលោកគ្រូ អ្នកគ្រូដែលបង្រៀនអ្នកទាំងអស់គ្នាគាត់មានជំនាញខាង វិទ្យាសាស្ត្រ (Science) មិនមែន វិស្វកម្ម (Engineering)។
នៅពេលដែលអ្នកចូលឆ្នាំទី៣ឡើងគឺលែងសូវមានការស្រាយទាំងនោះហើយ គឺយើងផ្តោតលើការយកសមីការដែលស្រាយបានទាំងនោះមកប្រើប្រាស់ តែក៏មិនអាចនិយាយបានថាស្រួលដែរព្រោះវាពិបាកមួយបែបផ្សេង។
សរុបសេចក្តីមក ពាក្យចចាមអារាមដែលគេនិយាយខាងលើគឺមិនត្រូវបានណែនាំអោយអ្នកទាំងអស់គ្នាធ្វើតាមទេ ព្រោះថាបើយើងធ្វើអ្វីមួយ why not do it to the fullest?
រៀន GIM មានផ្នែកឡាន និងម៉ាស៊ីនត្រជាក់
ការពិតទៅបើនិយាយអញ្ចឹងក៏ត្រូវ តែវាមិនទាន់ត្រូវអស់! ដូចនេះហើយខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីរៀបរាប់អំពីការពិតប្រាប់អ្នកអានជាទីស្នេហា។
ដេប៉ាតឺម៉ង់វិស្វកម្មឧស្សាហកម្ម និងមេកានិក (Génie Industriel et Mécanique: GIM) ចែកចេញជា២ផ្នែក គឺ ផ្នែកមេកានិក (Mécanique) និង ផ្នែកឧស្សាហកម្ម (អាំងឌុយ: Industriel)។
ផ្នែកឧស្សាហកម្ម៖ សំរាប់ខាងអាំងឌុយ គេមានជំនាញជាច្រើនទៀតដែលជា Specialist របស់គេ ហើយភាគច្រើនគេផ្តោតទៅលើ ការគ្រប់គ្រង់សង្វាក់ផលិតកម្មក្នុងរោងចក្រ ប្រព័ន្ធបញ្ជា -ល-។ (សុំទោសដែលមិនអាចរៀបរាប់បានអស់ ព្រោះខ្ញុំមិនបានរៀនផ្នែកនេះ)។ សំរាប់បន្ទប់ពិសោធន៍ (LBE) វិញមានចំនួន១ គឺ EDM (Engineering Design and Manufacturing)។ អញ្ចឹងហើ្យ សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ស្រាវជ្រាវ (Research) បន្ថែមអាចទៅទាក់ទងសួរព័ត៌មានបន្ថែមបាន។
ផ្នែកមេកានិក៖ សំរាប់ខាងមេកានិកវិញ សព្វថ្ងៃនេះ មានបន្ទប់ពិសោធន៍ចំនួន៣ដែលកំពុងនឹងដំណើរការ គឺ
-
DC Lab (Dynamics and Control Laboratory): Office room I-603, Robocon club room I-602.
-
Thermal Lab: Office room I-604.
-
MaterialsLab: Office room B-112.
អ្នកចូលបន្ទប់ពិសោធន៍៣ខាងលើគឺមានជំនាញផ្សេងៗគ្នា។ សូម្បីនៅក្នុងបន្ទប់ពិសោធន៍ដូចគ្នាតែកាន់គំរោងខុសគ្នានោះ គឺមានជំនាញខុសៗគ្នាហើយ។
ក្រៅពីបន្ទប់ពិសោធន៍LBE ដេប៉ាតឺម៉ង់GIM ក៏មានបន្ទប់ពិសោធន៍ផ្សេងជាច្រើនទៀតសំរាប់អោយសិស្សប្រើប្រាស់រាល់ម៉ោង TP គឺ បន្ទប់ពិសោធន៍ Materials, បន្ទប់ពិសោធន៍ Fluid Mechanics, បន្ទប់ពិសោធន៍ អគ្គីសនី, បន្ទប់គ្រឿងបង្គុំផ្នែកផ្សេងៗនៃឡាន, បន្ទប់ម៉ាស៊ីន (មានម៉ាស៊ីនឡាន២-៣ប្រភេទ និងម៉ាស៊ីនរថក្រោះ ប៉ុន្តែចាស់ៗអស់ហើ្យ មិនដឹងពីសម័យណា), រោងជាង (Workshop) មានបន្ទប់ ផ្សារ (Welding) និងបន្ទប់ Milling, ក្រលឹង (Turning) ជាដើម។
ដូចនេះ នៅក្នុងដេប៉ាដឺម៉ង់ GIM អាចធ្វើការ និងមានជំនាញផ្សេងៗគ្នាជាច្រើន មិនមែនមានតែ២ដូចពាក្យចចាមអារាមនោះទេ។ Choose wisely xD! (Note: យើងមាន Background ជា Industrial and Mechanical Engineer មែន! តែការងារដែលយើងធ្វើ គឺជាផ្នែកតូចមួយនៃជំនាញនេះប៉ុណ្ណោះ។)
ហេតុអ្វីបានត្រូវចុះកម្មសិក្សានៅ Lab និង ហេតុអ្វីបានត្រូវចុះកម្មសិក្សានៅក្រុមហ៊ុន?
នៅ Lab
៖
សំរាប់អ្នកមានបំណង់ចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅក្នុងនិងក្រៅប្រទេស។
អ្នកអាចជ្រើសរើសផ្នែកណាមួយ ដែលអ្នកចូលចិត្ត និងខំធ្វើស្វ័យសិក្សាអោយបានចេះស្ទាត់។
នៅបន្ទប់ពិសោធន៍ (LBE) លោកគ្រូគាត់មិនមានពេលបង្រៀនយើងគ្រប់ពេលនោះទេ តែបើមាន Topic អ្វីថ្មីគាត់នឹងបង្ហាញយើង។
យើងត្រូវសិក្សាស្រាវជ្រាវដោយខ្លួនឯង បើមានចម្ងល់អ្វីអាចសួរគាត់ពេលជួប ឬចាំពេល Report meeting ដែលធ្វើ ២អាទិត្យម្តង ហើយក៏មាន Seminar ២ដងក្នុង១អាទិត្យ ដើម្បីចែករំលែកចំនេះដឹងរវាងក្រុមនីមួយៗ។
ហើយនៅក្នុង Lab ក៏មានសិល្បៈសិស្សច្បងបង្រៀនសិស្សប្អូនផងដែរ។
មួយវិញទៀត ការចូល Lab គឺសិស្សម្នាក់ៗមានគោលដៅខុសៗគ្នា
អ្នកខ្លះគ្រាន់តែចង់រៀនបន្ថែម មិនចង់ទុកពេលទំនេរចោលឥតប្រយោជន៍
អ្នកខ្លះចង់បានបទពិសោធន៍បន្ថែមដោយការធ្វើគំរោង (project) ផ្សេងៗ។
ឯអ្នកខ្លះទៀតមកតាមគ្នា ឬមកចង់ដឹងសាកល្បង។
ដូចនេះបើអ្នកទាំងអស់គ្នាមានបំណងចង់បន្តការសិក្សា ឬចង់រៀនបន្ថែម យកបទពិសោធន៍ពីជំនាញណាមួយ គួរតែចូល Lab ក្នុង៣ខាងលើ។
នៅក្រុមហ៊ុន
៖
បើអ្នកទាំងអស់គ្នាមានបំណង់ចង់ចេញធ្វើការពេលរៀនចប់ គប្បីចុះកម្មសិក្សានៅក្រុមហ៊ុនណាដែលអ្នកគិតថាជាកន្លែងដែលអ្នកចូលចិត្តការងារហ្នឹង ដើម្បីបង្កើតទំនាក់ទំនងល្អ។ ដូចនេះហើ្យនៅពេលរៀនចប់ យើងនឹងមានឱកាសខ្ពស់ដែលក្រុមហ៊ុននឹងយកយើងចូលធ្វើការជាបុគ្គលិកស្របច្បាប់។ សំរាប់ការងារដែលពេញនិយមសំរាប់ GIM គឺ៖
-
ផ្នែកម៉ាស៊ីនត្រជាក់ (Design, គូសប្លង់, ចុះ Site -ល-)
-
ផ្នែក MEP (Mechanical, Electrical, Plumbing) គឺយើងធ្វើទាំងអស់តែម្តង ប្រព័ន្ធមេកានិក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកនៅក្នុងអគារ។
-
ផ្នែករថយន្ត (សំរាប់ផ្នែកនេះបើអ្នកចង់ធ្វើការថែទាំ ឬជួសជុលរថយន្ត គួរតែរៀនត្រឹម Technician បានហើយ ដែលផ្តោតលើការអនុវត្តលើផ្នែននេះតែម្តង តែបើអ្នកចង់ធ្វើជាអ្នកគ្រប់គ្រងយានដ្ឋាន, Supervisor ឬផ្នែកណាមួយដែលមានដំណែងខ្ពស់ គប្បីយកសញ្ញាប័ត្រ Engineer អោយបាន)។
នៅមានរបស់ជាច្រើនទៀតដែលចង់និយាយ តែសូមបញ្ចប់ត្រឹមនេះព្រោះសរសេរច្រើនអាចធ្វើអោយអ្នកអានធុញ!! ហើ្យអ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា សំណេររបស់ស្មេរផ្សេងៗ មានរូបភាពច្រើន ចំណែកសំណេររបស់ស្មេរខ្មេះនេះមានតែអក្សរ xD។ អញ្ចឹងសុំសួរវិញថា តើមានស្មេរណាមាន Emoji ដូចស្មេរខ្មេះនេះអត់? ចប់! XD
References
អត់មានឯកសារយោងទេ!!