ការពិតអំពីខួរក្បាលមនុស្ស
Author: Sokserey Srey
ខួរក្បាលជាសេរីរាង្គស្មុគស្មាញ និងពិបាកយល់នៅក្នុងប្រព័ន្ធរាងកាយរបស់មនុស្ស។
របស់ប្លែកៗដែលយើងគ្រប់គ្នានឹកស្មានមិនដល់ ត្រូវបានបង្កើតនិងច្នៃប្រឌិតឡើងចេញពីថាមពលដ៏អស្ចារ្យរបស់ខួរក្បាលមួយនេះ។
យើងធ្លាប់លឺគេនិយាយថា
<<ខួរក្បាល១គីឡូ៤ខាំដូចតែគ្នាគេរៀនចេះខ្ញុំរៀនមិនចេះ>>
ជាការពិតណាស់ដែលថា ខួរក្បាលមានទម្ងន់ប្រហាក់ប្រហែលគ្នា។ ប៉ុន្តែអ្វីដែលធ្វើអោយវាខុសគ្នាគឺ តាមរយៈបទពិសោធន៏ដែលយេីងធ្លាប់ឆ្លងកាត់មកខុសៗគ្នា។
យ៉ាងណាក៏ដោយ នៅក្នុងអត្ថបទនេះគឺចង់ផ្តល់ជាឧទាហរណ៏និងវិធីសាស្រ្ត ដែលធ្វើអោយអ្នកចងចាំបានយូរ និងមិនងាយភ្លេច។
ប៉ុន្តែនឹងមានអ្នកខ្លះជំទាស់ថា
<<ចាំបាច់ចាំអោយឈឺខួរធ្វើអ្វី សម័យឥឡូវសួរតែពូGoogleយកទៅណាមិនអស់>>
អ្វីដែលសំខាន់ក្នុងការហ្វឹកហាត់នេះ មិនមែននៅត្រង់ការចាំអ្វីៗទាំងអស់នោះទេ។
កាលណាយើងប្រើខួរក្បាលញឹកញាប់ វាធ្វើឲ្យខួរក្បាលយើងប្រសើរឡើង អាចចងចាំបានកាន់តែលឿន។
នៅពេលយើងចង់ស្វែងយល់ពីអ្វីថ្មីៗ ក៏ងាយស្រួលជាងមុនដែរ។
ពេលខ្លះ យើងធ្លាប់ជួបសំណួរងាយៗ ប៉ុន្តែបែរជាគិតមិនចេញថាត្រូវឆ្លើយយ៉ាងណា។
ការបង្កើតរូបភាពនៅក្នុងខួរក្បាល
អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រឡងហើយមែនទេ? ហើយធ្លាប់អានសំណួរហើយត្រូវចំណាយពេលគិតយូរអត់?
ពេលខ្លះយើងអានចប់ហើយ ប៉ុន្តែហេតុអ្វីបានជាគិតរកចម្លើយមិនចេញសោះ?
តើមានមូលហេតុអ្វីដែលធ្វេីអោយយើងភ្លេចនូវអ្វីដែលធ្លាប់រៀន ឫអានទៅហើយនោះ ?
មានបុរសម្នាក់សក់ស ក្បាលពោះធំ ធ្លាប់ឆ្ងល់សំណួរដូចយើងឆ្ងល់ដែរ ទើបគាត់ដាច់ចិត្តធ្វើការស្រាវជ្រាវ ហើយតាមលទ្ធផលនៃការស្រាវជ្រាវ គាត់បានសន្និដ្ឋានថា
ក្រោយពេលវេលាកន្លងផុតទៅ២០នាទី អ្នកនឹងភ្លេចទិន្នន័យដែលបានទទួលទៅសឺងតែ៥០%។
នេះបង្ហាញអោយឃើញថា ការចងចាំមានតម្លៃច្រាសទៅនឹងពេលវេលា។
ដូច្នេះ ទើបអ្នកដែលចង់បានលេខ១ជឿថា ការអានសៀវភៅដដែលៗជាគ្រឹះសំខាន់នៃការរៀន ព្យាយាម
ទន្ទិញមេរៀនពីសាលារៀន និងតាមInternetជាដើម ដែលយូរៗទៅ អាចធ្វើអោយមានអារម្មណ៏ធុញទ្រាន់ បេីនិយាយអោយពិបាកស្តាប់ ទ្រលាន់នឹងការរៀន ឫរៀនលែងចូល។
អ្នកទាំងអស់គ្នាមិនចាំបាច់ភ័យព្រួយអ្វីឡើយ ហើយងាកមកស្វែងយល់ពី វិធីសាស្រ្ត ដែលធ្វើអោយយើង សាហាវដូចលោកតា អាញស្តាញចឹង។
ប៉ុន្តែអាចនឹងមានមនុស្សប្រឆាំងឡើងមកថា៖
អើយនៅសុខៗ ខួរក្បាលយើងនឹងអភិវឌ្ឍឡើងបានបែបនឹងឫ ? (Impossible mission)
បេីដូច្នោះ ចូរយើងសាកល្បងមកស្តាប់រឿងនេះសិន។
អ្នកគ្រប់គ្នាធ្លាប់ដឹងអត់ថា អច្ឆរិយបុគ្គលដូចជាអាញស្តាញធ្លាប់ជាសិស្សដែលរៀនមិនទាន់គេកាលពីនៅមធ្យមសិក្សា?
ពួកយើងអាចគិតថាអាញស្តាញ ឆ្លាតជាងក្មេងទូទៅទើបមិនអាចរៀនជាមួយក្មេងធម្មតាបាន
ប៉ុន្តែគ្រូគាត់ជឿថា គាត់ជាក្មេងល្ងង់ដែលមានការរីកចម្រើនផ្នែកសតិបញ្ញាយឺតជាងមិត្តរួមថ្នាក់ផ្សេងៗទៅវិញ
តេីវាពិតជាអាចទៅរួចបានយ៉ាងហ្នឹងឫ?
តាមពិតទៅអាញស្តាញខ្វះសមត្ថភាពក្នុងការអាន ទើបធ្វើអោយគាត់មិនអាចយល់ពីខ្លឹមសារក្នុងសៀវភៅ រួមទាំងពាក្យសម្តីរបស់លោកគ្រូ អ្នកគ្រូបាន។
ចុះ តើគាត់ប្រើវិធីសាស្រ្តយ៉ាងណា ទើបអាចក្លាយជាអច្ឆរិយបុគ្គលបាន?
លោកតាអាញស្តាញបានអធិប្បាយពីវិធីដែលធ្វើអោយគាត់ក្លាយទៅជាអច្ឆិរយបុគ្គលបានថា
<< ខ្ញុំមិនអាចយល់ពីអត្ថន័យក្នុងសៀវភៅ និងពាក្យសម្តីរបស់អ្នកដ៏ទៃបាន ហេតុនេះហើយទើបខ្ញុំត្រូវធ្វេីការស្វែងយល់ដោយប្រេីការគិតស្រមៃបង្កើតជារូបភាពឡើងក្នុងខួរក្បាល ហើយប្រែទៅជាភាសាដូចជាអ្នកដ៏ទៃដែរ។>>
ស្តាប់ទៅដូចចម្លែកបន្តិច ប៉ុន្តែបើយើងយកទៅអនុវត្តនឹងទទួលបានអត្ថប្រយោជន៏ដ៏អស្ចារ្យ។
បើមិនជឿអាចសាកបាន។
ដើម្បីដោយដឹងកាន់តែច្បាស់ យើងមកសាកលេងហ្គេមងាយៗជាមួយគ្នា។
ពាក្យនៅខាងក្រោមនេះទាំងអស់មាន ១០ពាក្យ ហើយ១ពាក្យ ខ្ញុំទុកពេល២វិនាទីឲ្យអាននិងទន្ទិញ មុនឈានទៅពាក្យមួយទៀត
បន្ទាប់មកសាកចាំពាក្យទាំងនោះតាមលំដាប់របស់វា បើសិនជាអ្នកចាំពាក្យមិនតាមលំដាប់ នឹងចាត់ទុកជាមោឃៈ។
កុំព្យូរទ័រ, នុំប័ង, ពពក, មឹក, ប្រាសាទ, ដែកកេះ, ទូរស័ព្ទដៃ, ខ្សែភ្លើង, សត្វក្តាន់, ដូមីណូភីហ្សា
អ្នកទាំងគ្នាចាំបានប៉ុន្មានពាក្យដែរ? ចាំបានតិចមែនទេ?
ចុះបើខ្ញូំប្រាប់អ្នកទាំងអស់គ្នាថាប្រសិនបើអានពាក្យហ្នឹងរួច ហើយសាកស្រមៃទៅជារូបភាពដែលយើងធ្លាប់បានឃើញ រួចយកពាក្យនីមួយៗ មកតភ្ជាប់គ្នាដូចជាសាច់រឿង៖
ខ្ញុំកំពុងតែលេងកុំព្យូរទ័របណ្តើរ ញាំនំបុ័ងបណ្តើរ ហើយក៏ងាកទៅក្រៅបង្អួច ឃើញពពកមានរាងដូចជាសត្វមឹកទុំជាប់នឹងប្រាសាទ ក្រឡេកមកវិញ ក៏ឃើញមានដែកកេះដាក់
នៅលើទូរស័ព្ទដៃ និងខ្សែភ្លើងកំពុងតែបញ្ចូលថ្ម ភ្លាមៗនោះក៏លឺសំឡេងសត្វក្តាន់ចេញពីក្នុងកុំព្យូរទ័រ វាកំពុងតែញាំដូមីណូភីហ្សា ធ្វើមុខកាហេហេ។
សរុបសេចក្តីមក ការទន្ទេញចាំដោយភ្ជាប់ពាក្យជាមួយរូបភាពនឹងជួយអោយយើងចាំបានច្បាស់ជាងការចាំដោយទន្ទេញតួអក្សរ។ ម៉្យាងទៀត អ្នកគួរតែសាកបង្កើតរូបភាពដែលខ្លួនឯងច្នៃប្រឌិតឡើងមកល្អជាង ហើយកុំខ្វល់ថាអ្វីដែលខ្លួនឯងគិតជារូបភាពនោះត្រូវឫខុស អោយតែគិតឃើញមកភ្លាមៗ។